សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

ប្រសិនបើយើងបានកាន់ខ្ជាប់នូវសេចក្តីសញ្ញារបស់យើង នោះយើងនឹងរកឃើញអំណាចដែលយើងត្រូវការដើម្បីទប់ទល់នឹងឧបសគ្គទាំងឡាយដែលកើតមានលើផ្លូវរបស់យើង ។
កាលដែលយើងបានពេញដោយពន្លឺនៃព្រះគ្រីស្ទ នោះយើងនឹងមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីស្រឡាញ់មនុស្សដទៃ តាមរបៀបដែលទ្រង់បានស្រឡាញ់ដល់ពួកគេ ។
បេសកកម្មរបស់យើងនៅក្នុងជីវិតលោកិយនេះ គួរតែផ្តោតលើព្រះដ៏ប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទជានិច្ច ព្រោះព្រះអង្គសង្គ្រោះរបស់យើងគឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ។
នៅពេលយើងចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះជារៀងរាល់ថ្ងៃ តាមរបៀបតូចតាច និងងាយៗ នោះខ្ញុំសូមសន្យានឹងបងប្អូនថា ដួងចិត្តរបស់បងប្អូននឹងពោរពេញដោយក្តីអំណរ ហើយបងប្អូននឹងរីករាយជាមួយនឹងព្រះរបស់បងប្អូន ។
បច្ចុប្បន្ននេះ យើងអាចមានបទពិសោធន៍ដូច អេលីយ៉ា ដែលបានទទួលអារម្មណ៍ និងស្តាប់ឮអង្គរំដោះរបស់លោក តាមរយៈសំឡេងដ៏តូចរហៀង ។
យើងទាំងអស់គ្នាមក ហើយទទួលទានសាក្រាម៉ង់ ដើម្បីចងចាំដង្វាយធួននៃព្រះរាជបុត្រានៃព្រះ និងដើម្បីធ្វើជាសាក្សីពីឆន្ទៈរបស់យើងក្នុងការទទួលយកព្រះនាមទ្រង់មកដាក់លើខ្លួនយើង ។
យើងអាចឈោងទៅជួយមនុស្សគ្រប់គ្នាដោយសេចក្ដីស្រឡាញ់ ចែកចាយជំនឿរបស់យើង និងអញ្ជើញពួកគេឲ្យចូលរួមជាមួយនឹងយើង ។ នៅពេលមិត្តរបស់យើងមកកាន់ព្រះវិហារ យើងអាចជួយពួកគេភ្ជាប់ទំនាក់ទំនង និងមានអារម្មណ៍ថាជាផ្នែកមួយនៃមិត្តក្នុងក្រុម ។
សូមឲ្យយើងស្វែងរកអំណរដែលកើតមកពីការបម្រើដ៏ពិសិដ្ឋនៃការស្វាគមន៍សមាជិកថ្មី និងសមាជិកដែលត្រឡប់មកចូលរួមពិធីសាក្រាម៉ង់វិញរបស់យើង ជាទីដែលពួកគាត់អាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចផ្ដល់ការអញ្ជើញដោយក្ដីស្រឡាញ់ទៅកាន់មិត្តភក្ដិរបស់យើង និងសមាជិកដែលអសកម្មដែលយើងស្គាល់ និងស្រឡាញ់ទាំងអស់ ដើម្បីឲ្យមកកាន់ការប្រជុំសាក្រាម៉ង់ ជាកន្លែងដែលយើងទាំងអស់គ្នាអាចមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងស្ថាបនាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបាន ។
« ការប្រជុំសាក្រាម៉ង់គឺជាឱកាលដើម្បីខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សម្រាប់យើងដើម្បីធ្វើឲ្យបទពិសោធន៍នេះបានល្អបំផុត តើយើងអាចធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនយើងឲ្យបានប្រសើរឡើង ? »
« ការធ្វើជារាស្ត្រនៃសេចក្ដីសញ្ញាគឺជាឯកសិទ្ធ ប៉ុន្តែក៏ជាទំនួលខុសត្រូវផងដែរ ។ វាគឺជាការទទួលខុសត្រូវជាមួយនឹងពរជ័យដែលបានសន្យាដ៏មហិមា »។
« យើងស្វែងរកដើម្បីប្រមូលកូនចៅរបស់ព្រះ ដើម្បីទ្រង់អាចប្រទានពរដល់ពួកគេ ។ យើងចង់ធ្វើដូច្នេះនៅក្នុងរបៀបមួយដែលគ្រប់គ្នាមានអារម្មណ៍ស្វាគមន៍ ផ្តល់តម្លៃ និងពេញដោយក្តីស្រឡាញ់ ។ មិត្តភ័ក្តិរបស់យើងជាច្រើន ទាំងនៅក្នុង និងក្រៅសាសនាចក្រ ត្រូវការជំនួយ » ។