សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

« ពរជ័យ​នៃការ​បម្រើ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រឹមតែ​មាន​ចំពោះ​អ្នក​ដែលត្រូវ​បាន​បម្រើ​នោះទេ​ប៉ុន្តែ​ក៏មាន​ដល់​អ្នកបម្រើ​ដែល​ដាក់​ដួងចិត្ត​  គំនិត និង​កម្លាំង​ទៅ​ក្នុង​ការងារនោះ​ផងដែរ » ។

អែលឌើរស៊ូបេនធូរ៉ូ
អែលឌើរស៊ូបេនធូរ៉ូ ក្នុងពួកចិតសិបនាក់

​ខ្ញុំ​បាន​ទទួល​បទពិសោធន៏​នៃ​ពរជ័យ​ពី​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​លើកដំបូងនៅពេល​ដែល​ខ្ញុំ​ត្រូវបាន​បង្រៀន​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅក្នុង​វ័យ​ជំទង់​របស់ខ្ញុំ​ហើយ​បន្ទាប់​មក​ក៏បាន​ធ្វើការ​សម្រេចចិត្ត​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ។  ខ្ញុំ​តែងតែ​កោត​សរសើរ​ចំពោះ​ភាពស្មោះត្រង់​របស់អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ហើយ​ខ្ញុំមាន​អំណរគុណ​ដែល​សូម្បីតែ​សព្វថ្ងៃ​នេះ​យើង​នៅតែ​រក្សា​មិត្តភាព​ដ៏​យូរអង្វែង​ផងដែរ ។ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​បាន​កើនឡើង​នៅពេល​ដែល​ឪពុកម្តាយ​របស់ខ្ញុំ​ក្រោយមក​បាន​ផ្លាស់ប្តូរ​ជឿលើ​ដំណឹងល្អ​ដោយសារ​មានការ​ខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើននាក់ និង​ប្រធាន​បេសកកម្ម​របស់​ពួកគេ ។  ដោយសារ​តែកិច្ច​ការ​ផ្សព្វផ្សាយ​សាសនា  ​គ្រួសារ​របស់​យើង​បាន​រីកចម្រើន​ឡើង​ហើយត្រូវ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយមាន​សេចក្តី​សង្ឃឹម​ដ៏ល្អ​ឥតខ្ចោះ​ថា​គ្រួសារ​របស់យើង​នឹងនៅ​ជាមួយគ្នា​ជារៀង​រហូត ។

 

ជាការ​ឆ្លើយតប​ទៅនឹង​បទបញ្ញត្ដិ​របស់​ព្រះអម្ចាស់​« …ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ​ដល់

មនុស្ស​លោក​ទាំង​អស់​ចុះ »​សាសនាចក្រ​បាន​រៀបចំ និង​បាន​ហៅ​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើននាក់​ដែល​ចំណាយពេល ១៨-២៤ ខែ​នៃ​ជីវិត​របស់​ពួកគេ​ដើម្បី​អញ្ជើញ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ឲ្យ​រៀន​អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែលបាន​ស្តារឡើងវិញ ។

 

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​« …​គឺជា​ទង្វើ​ស្ម័គ្រចិត្ត​បម្រើ​ដល់​ព្រះ និង​មនុស្សជាតិ » ។ ​ត្រូវបាន​ពិពណ៌នា​ថា​« ជា ការងារ ដ៏អស្ចារ្យ បំផុត​នៅក្នុង​ចំណោម​ការងារ​ទាំងឡាយ នៅក្នុង ពិភពលោក »​​« ដែល យើង ចូលរួម ចំណែក​នៅក្នុង​ការជួយ​សង្គ្រោះ និង​លើកស្ទួយ​ព្រលឹង​របស់​កូនចៅ​មនុស្ស » ។    ពរជ័យ​នៃការ​បម្រើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រឹមតែ​មាន​ចំពោះ​អ្នក​ដែលត្រូវ​បាន​បម្រើ​នោះទេ​ប៉ុន្តែ​ក៏មាន​ដល់​អស់អ្នក​បម្រើ​ដែល​ដាក់​ដួងចិត្ត  ​គំនិត និង​កម្លាំង​ទៅ​ក្នុង​ការងារ​នោះ​ផងដែរ » ។ ព្រះអម្ចាស់​មិន​ប្រទាន​បទបញ្ញត្តិ​ណាមួយ​របស់ទ្រង់​ដោយ​មិនបាន​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​កិច្ចការ​នីមួយៗដែល​ទ្រង់​បញ្ជាឡើយ​ ទ្រង់​ក៏សន្យា​ផងដែរ​នូវ​ពរជ័យ​សម្រាប់​អ្នកដែល​ធ្វើដូច​តាម​បញ្ជា​ទាំងនោះ ។​

 

ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​មិនមែន​ជាការងារ​ងាយស្រួល​នោះទេ ។  ក៏ប៉ុន្តែ​ដូចជា​គោលដៅ​ជីវិត​ដ៏មាន​តម្លៃ​ទាំងអស់​ដែល​យើង​សម្រេច​បាន​ផងដែរ​  ដូចជា​ការសិក្សា​ពាណិជ្ជកម្ម​  ការមានគ្រួសារ ឬ​ការទទួល​សញ្ញាបត្រ​មហាវិទ្យាល័យ​ទាំង​ដំណើរការ និង​ការបញ្ចប់​របស់វា​នាំអោយ​យើងមាន​ក្តីអំណរ និង​អារម្មណ៍​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធិផល​ទាំងនោះ ។  ទោះបី​ជាវា​ជា​ការបម្រើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដូចគ្នា​ក៏ដោយ​គោលដៅ​របស់យើង​ដើម្បី​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ក៏នាំ​មកនូវ​រង្វាន់​ខាងវិញ្ញាណ​ដ៏អស្ចារ្យ​ដល់យើង​ផងដែរ ។  

 

នេះ​គឺជា​ពរជ័យ​មួយ​ចំនួន​នៃការ​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ដែលបាន​ចែកចាយ​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មកវិញ ៖


« …គឺជាទង្វើស្ម័គ្រចិត្តបម្រើដល់ព្រះ និងមនុស្សជាតិ »

រ័សុល អិម ណិលសុន

មាន​ពរ​ដោយបាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ


« ត្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ ដែលខ្លួនពុំដែលបានបម្រើនោះដូចម្តេច… ? » ៧ ។ « …គ្មាននរណាម្នាក់នឹងយល់ច្បាស់ពីកិច្ចការរបស់ព្រះអង្គសង្រ្គោះរហូតទាល់តែគាត់បានវិនិយោគនៅក្នុងការស្រោចស្រង់នៃព្រលឹងវិញ្ញាណពីព្រោះនោះជាតួនាទីរបស់ព្រះអង្គសង្រ្គោះ » ៨  នៅពេលយើងត្រូវបានហៅឲ្យធ្វើជាអ្នកតំណាងរបស់ព្រះគ្រីស្ទដើម្បីដើរតាមគន្លងរបស់ទ្រង់ និងធ្វើត្រាប់តាមសេចក្តីសប្បុរសរបស់ទ្រង់នោះយើងត្រូវបានប្រទានពរឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះមនុស្សលោក ។  យើងមើលឃើញដោយខ្លួនយើងពីរបៀបដែលព្រះគ្រីស្ទកំពុងតែឈោងព្រះហស្តរបស់ទ្រង់ដើម្បីជួយ និងលួងលោមដល់អ្នកដែលមានបន្ទុកជាពិសេសការតស៊ូ និងឧបសគ្គផ្សេងៗគ្នា ។ យើង និងអស់អ្នកទាំងឡាយដែលយើងបង្រៀនផ្លាស់ប្តូរនៅពេលយើងខិតទៅជិតទ្រង់ដោយវិញ្ញាណ និងសេចក្តីស្រឡាញ់ និងដោយមានអារម្មណ៏នៃសន្តិភាពដែលព្រះគ្រីស្ទបានសន្យានឹងពួកសិស្សរបស់ទ្រង់ ។ 

 

មានពរដោយបានស្គាល់ព្រះគម្ពីរ


« មែនហើយបេសកកម្មគឺជាសាលានៃការរៀនដំណឹងល្អនឹងក៏ជាសាលាសម្រាប់ព្យាការីផងដែរ » ។ ៩  នៅក្នុងព្រះគម្ពីរយើងបានអានអំពីកិច្ចការផ្សព្វផ្សាយសាសនាដែលបានកើតឡើងតាំងពីកំណើតលោកីយដូចដែលបានកត់ត្រាដោយព្យាការីនៃព្រះ ។  យើងក៏រកឃើញការណែនាំ និងការសន្យាទៅដល់អស់អ្នកដែលត្រូវបានហៅឲ្យធ្វើកិច្ចការរបស់ទ្រង់ និងចំពោះមនុស្សស្មោះត្រង់ទាំងអស់ ។  ការសិក្សាព្រះគម្ពីរដោយគិតអំពីកិច្ចការផ្សព្វផ្សាយសាសនាជួយយើងឲ្យមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីព្រះបន្ទូលរបស់ព្រះ និងពីវិធីអនុវត្តការបង្រៀននោះនៅក្នុងជីវិតរបស់យើងផ្ទាល់ និងនៅខណៈពេលបម្រើ និងបង្រៀនដល់អ្នកដទៃ ។

 

មានពរជាមួយសេចក្តីអំណរនៃការបានឃើញដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផ្លាស់ប្តូរជីវិត


ការផ្សព្វផ្សាយដំណឹងល្អមានប្រសិទ្ធភាពទៅលើគំនិតរបស់មនុស្សដែលឮវា  ដើម្បីដឹកនាំពួកគេអោយធ្វើអ្វីដែលត្រឹមត្រូវជាងអ្វីផ្សេងទៀត ។ ១០   មានសេចក្តីអំណរដ៏បរិសុទ្ធនៅពេលឃើញមនុស្សធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅពេលពួកគេរៀនពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរមរមនហើយអនុវត្តអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។  នៅពេលយើងខិតខំធ្វើឲ្យប្រសើរឡើងនៅក្នុងដំណឹងល្អជាមួយគ្នាយើងក៏បង្កើតមិត្តភាពដ៏អស់កល្បជាមួយដៃគូ និងអ្នករៀនរបស់យើងផងដែរ ។ 

 

ទទួលបានពរដោយមាន ភាពជាដៃគូរដ៏ស្ថិតស្ថេរនៃព្រះវិញ្ញាណបរិសុទ្ធ


ព្រះគ្រីស្ទបានសន្យាដល់សាវករបស់ទ្រង់នូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំគាំទ្រនិងពង្រឹងពួកគេនៅក្នុងកិច្ចការ ។ នៅពេលដែលយើងព្យាយាមធ្វើឲ្យមានភាពសក្ដិសមនៃភាពជាដៃគូដ៏ស្ថិតស្ថេរនៃព្រះវិញ្ញាណបរិសុទ្ធនោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនត្រឹមតែដឹកនាំការងាររបស់យើងប៉ុណ្ណោះទេប៉ុន្តែវាក៏នឹងជួយយើងឲ្យឃើញពីភាពទន់ខ្សោយរបស់យើងផងដែរ ។ ហើយប្រសិនបើយើងមានឆន្ទៈដើម្បីបន្ទាបខ្លួននោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យធ្វើការឆ្លងកាត់នូវភាពខ្វះខាតរបស់យើងដោយបង្វែរពួកវាទៅជាភាពខ្លាំងវិញ ។ 

ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា

ទទួលពរជាមួយទីបន្ទាល់ផ្ទាល់ខ្លួននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ


លើសពីពរជ័យទាំងអស់នេះ  អ្វីដែលនាំមកនូវសេចក្តីសុខសាន្ត និងការលួងលោមចិត្តដល់ព្រលឹងរបស់យើងនោះគឺជាទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ ៖ រួមមានជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ការប្រែចិត្តការទទួលបុណ្យជ្រមុជទឹកអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការស៊ូទ្រាំដល់ទីបញ្ចប់ ។  នៅពេលយើងបម្រើព្រះអង្គសង្គ្រោះយើងធ្វើជាសាក្សីផ្ទាល់ពីរបៀប ដែលអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទលាងសម្អាតយើងពីអំពើបាបរបស់យើងហើយប្រទានពរដល់យើងនូវកម្លាំងដើម្បីធ្វើអ្វីដែលយើងមិនអាចធ្វើបានដោយខ្លួនយើងផ្ទាល់ ។ អែលឌើរបែដណាបង្រៀនថាព្រះគ្រីស្ទបានទទួលបន្ទុកខាងរូបកាយ  ខាងវិញ្ញាណ  ខាងសតិអារម្មណ៍ និងខាងផ្លូវចិត្តរបស់យើង ។  តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទយើងអាចត្រូវបានសម្អាតហើយអាចទទួលបានជំនួយ និងអំណាចដែលអាចពង្រីកនូវសមត្ថភាពរបស់យើងដើម្បីធ្វើល្អ និងស៊ូទ្រាំការសាកល្បងនៅក្នុងជីវិត ។១១  រាល់ពេលដែលយើងរស់នៅ  បង្រៀន និងថ្លែងទីបន្ទាល់ពីដំណឹងល្អនោះព្រះវិញ្ញាណថ្លែងទីបន្ទាល់ នូវសេចក្តីពិត និងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រលឹងរបស់យើង ។

 

« ប្រធានឃឹមបឹលបានហៅការបម្រើជាអ្នកផ្សព្វផ្សាយសាសនាថាជាដំណើរផ្សងព្រេងដ៏ខ្ពង់ខ្ពស់ ។  គាត់បានធ្វើដូច្នេះពីព្រោះការងារនេះមានភាពរំជើបរំជួល និងរំភើប » ។១២  រៀបចំនៅពេលឥឡូវនេះដើម្បីទទួលបានពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។  ខ្ញុំសូមអញ្ជើញអ្នកឱ្យចូលរួមនៅក្នុងការផ្សងព្រេងដោយទទួលយកការហៅបម្រើ ។    នៅពេលអ្នកឆ្ពោះទៅមុខដោយជំនឿ  ព្រះអម្ចាស់នឹងដឹកនាំអ្នកហើយប្រទានពរអ្នកឲ្យក្លាយជាអ្នកតំណាងដ៏សក្ដិសម និងទទួលបានសិទ្ធិអំណាចពីព្រះគ្រីស្ទ ។ 

 

អែលឌើរដាវីឌអេហ្វអេវិនបានប្រកាសថា« វាគឺជាសាក្សី និងទីបន្ទាល់របស់ខ្ញុំថាព្រះអម្ចាស់ចង់ឲ្យបុត្រានិងបុត្រីជាច្រើនរបស់ទ្រង់បម្រើបេសកកម្ម ។ សូមមកចូលរួមជាមួយយើងនៅក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ។ ១៣ 

 

នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអាម៉ែន។

ឯកសារយោង

1.    ព្រះគម្ពីរប៊ីប  ម៉ាកុស១៦:១៥
2.    រ័សុល អិម ណិលសុន« សូមសួរអ្នកផ្សព្វផ្សាយទៅ ! ពួកគេអាចជួយអ្នកបាន ! »សន្និសីទទូទៅខែតុលាឆ្នាំ២០១២
3.    ហែប៊ើជេក្រានរបាយការណ៏សន្និសីទខែតុលាឆ្នាំ១៩២១  ទំព័រ៥
4.    អ៊ីហ្សរ៉ាតាហ្វប៊ែនសឹន  របាយការណ៏សន្និសីទខែមេសាឆ្នាំ១៩៥៣  ទំព័រ៣៩
5.    ព្រះគម្ពីរមរមន  នីហ្វៃទី១  ៣:៧
6.    ព្រះគម្ពីរមរមន  ម៉ូសាយ ២:២៣–២៤
7.    ព្រះគម្ពីរមរមន  ម៉ូសាយ៥:១៣
8.    ខាឡូសអ៊ីអាសាយ« The Blessings of Sharing the Gospel »ថ្ងៃទី២០ខែកញ្ញាឆ្នាំ១៩៨៤( Ensignខែតុលាឆ្នាំ១៩៨៥ )
9.    ខាឡូសអ៊ីអាសាយ« The Blessings of Sharing the Gospel »ថ្ងៃទី២០ខែកញ្ញាឆ្នាំ១៩៨៤( Ensignខែតុលាឆ្នាំ១៩៨៥ )
10.    ព្រះគម្ពីរមរមន  អាល់ម៉ា៣១:៥
11.    ដាវីឌ អេ បែដណា« The Enabling Power of the Atonement »Ensignខែមីនាឆ្នាំ២០១៣
12.    ខាឡូសអ៊ីអាសាយ« The Blessings of Sharing the Gospel »ថ្ងៃទី២០ខែកញ្ញាឆ្នាំ១៩៨៤( Ensignខែតុលាឆ្នាំ១៩៨៥ )
13.    ដាវីឌអេហ្វអេវិន« ពរជ័យ​នៃ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា »សារអ្នកដឹកនាំតំបន់អាស៊ីខែកុម្ភៈ ឆ្នាំ២០១៩