ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺអំពីការភ្ជាប់ជំនាន់មនុស្សពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ កាលណាមនុស្សស្វែងរកបានកាន់តែច្រើនអំពីដំណើររឿងរបស់គ្រួសាររបស់ពួកគេ នោះពួកគេនឹងរៀនបានកាន់តែច្រើនអំពីខ្លួនពួកគេផងដែរ ។ ការស្វែងរកគឺលើសពីឈ្មោះ និងកាលបរិចេ្ឆទទៅទៀត ។ គ្រាស្វែងរកដ៏ពិតមួយបន្ថែមពណ៌ និងសេចក្ដីលម្អិតទៅលើប្រវត្តិ ប្រពៃណី និងស្រុកកំណើតរបស់បុព្វការីជនម្នាក់ ។ ការស្វែងរកគឺបំផុសឲ្យមានបំណងប្រាថ្នាមួយ ដើម្បីរៀនបន្ថែមទៀត និងប្រមូលផ្ដុំព័ត៌មានទៅក្នុងមែកធាងគ្រួសារ ។ ការប្រមូលផ្ដុំនេះដឹកនាំទៅរកការបង្កើតជាការភ្ជាប់ដ៏អស់កល្ប តាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
ថ្មីៗនេះ ពួកព្យាការី និងសាវកបានសង្កត់ធ្ងន់លើការជួយក្រុមយុវនារី និងឌីកុនថ្មី ព្រមទាំងអ្នកប្រែចិត្តជឿថ្មីផងដែរ ។
បទពិសោធន៍ពង្សប្រវត្តិជាបុគ្គល
របៀបដ៏ល្អមួយដើម្បីជម្រុញឲ្យមនុស្សដទៃចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺតាមរយៈបទពិសោធន៍ពង្សប្រវត្តិជាបុគ្គល ។
បទពិសោធន៍ពង្សប្រវត្តិជាបុគ្គលគឺជាការប្រជុំមួយរវាងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងបុគ្គលម្នាក់ ឬគ្រួសារមួយ ដែលអ្នកប្រឹក្សាចែកចាយសកម្មភាព ឬព័ត៌មានពង្សប្រវត្តិមួយ ដែលបានរៀបចំជាពិសេសសម្រាប់ការប្រជុំនោះ ។ ការណ៍នេះអាចធ្វើឡើងនៅឯគេហដ្ឋាន ឬនៅទីតាំងងាយស្រួលណាមួយដែលងាយនឹងយាងព្រះវិញ្ញាណ ។
ធនធាន និងយោបល់ទាំងនេះអាចជួយអ្នកឲ្យបង្កើតបទពិសោធន៍ពង្សប្រវត្តិជាបុគ្គល ដែលរីករាយហើយរួមបញ្ចូលការស្វែងរក និងនាំទៅរកព្រះវិហារបរិសុទ្ធ ៖
- សូមប្រើមុខងារពិសេសនៃពិធីបរិសុទ្ធត្រៀមរួច នៅក្នុងកម្មវិធីមែកធាងគ្រួសារក្នុងការស្វែងរកក្រុមគ្រួសារ និងនៅលើគេហទំព័រ FamilySearch.org ដើម្បីជួយសមាជិកឲ្យរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធ ។
- សូមពង្រឹងទំនាក់ទំនងជាមួយអ្នកនៅរស់ តាមរយៈការបង្ហាញសកម្មភាពនានាដែលមានគ្រួសារទាំងមូលចូលរួម ។
- សូមថតទុកដំណើររឿង និងរូបថតនានា ហើយកត់ត្រា និងរក្សាឯកសារសំឡេងទុកក្នុងកម្មវិធីមែកធាងគ្រួសារក្នុងការស្វែងរកក្រុមគ្រួសារ និងកម្មវិធីស្វែងរកក្រុមគ្រួសារ ក្នុងទូរសព្ទចល័ត ។ សូមរៀនបន្ថែមទៀតអំពីកម្មវិធីទូរសព្ទចល័ត ។
- សូមជួយបុគ្គលទាំងឡាយឲ្យរៀបចំព័ត៌មានពង្សប្រវត្តិរបស់ពួកគេ ហើយរក្សាទុកដំណើររឿង និងការចងចាំនានាអំពីមនុស្ស ៤ ជំនាន់ដំបូងរបស់ពួកគេដោយប្រើកូនសៀវភៅ ក្រុមគ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងជួបជុំគ្នា ។ សូមរៀនបន្ថែមទៀតអំពីកូនសៀវភៅនេះ ។
បទពិសោធន៍ជាបុគ្គលនៅក្នុងមជ្ឈដ្ឋានជាក្រុម
ពេលខ្លះការប្រជុំនៅក្នុងមជ្ឈដ្ឋានជាក្រុមមួយអាចមានប្រយោជន៍ ដូចជានៅពេលអ្នកចូលរួមត្រូវប្រើបច្ចេកវិទ្យានៅឯសាលាប្រជុំសាសនាចក្រ ។ ទោះយ៉ាងណា ការប្រជុំជាក្រុមគួរនៅតែរក្សាលំនាំម្ដងមួយៗ សម្រាប់បទពិសោធន៍ជាបុគ្គល ។ អ្នកជួយម្នាក់គួរតែត្រូវបានចាត់តាំងទៅកាន់អ្នកចូលរួមម្នាក់ៗ ។
នៅពេលដឹកនាំបទពិសោធន៍ពង្សប្រវត្តិជាបុគ្គលនៅក្នុងមជ្ឈដ្ឋានជាក្រុមមួយ សូមបញ្ជាក់ជាមុនថា អ៊ិនធើរណិត និងឧបករណ៍ដែលពាក់ព័ន្ធទាំងអស់បានត្រៀមរួចដើម្បីប្រើប្រាស់ ។ សូមពិចារណាចាប់ផ្ដើមវគ្គនេះដោយការអធិស្ឋាន និងគំនិតខាងវិញ្ញាណខ្លីមួយ ។