ខូវីត-១៩ និង​ឥទ្ធិពល​របស់វា​មកលើ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅជុំវិញ​ពិភពលោក

ខូវីត-១៩ និងឥទ្ធិពលរបស់វាមកលើពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក

សាសនាចក្រ​បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម ៖

កង្វល់ថ្មីៗ​នេះ​ទាក់ទង​ទៅនឹង​ខូវីត-១៩ (វីរុស​កូរូណា) បាន​ធ្វើ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ជាសាធារណៈ​យ៉ាងខ្លាំង ហើយ​បាន​ធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្ដូរក្នុងការ​ធ្វើដំណើរ ការ​ប្រាស្រ័យទាក់ទង​ដោយផ្ទាល់ និងនៅក្នុងការ​ណែនាំ​ដែលបាន​បរិយាយ​ដោយ​មន្ត្រី​សុខាភិបាល​អំពី​របៀប​ដើម្បី​ឆ្លើយ តប​ទៅនឹង​កង្វល់​ដែលបាន​ការ​កើនឡើង ។
 

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​វិវត្តន៍​ទាំងនេះ ហើយ​កំពុង​បោះជំហាន​ទៅក្នុង​តំបន់​ជាច្រើន​ដើម្បីផ្ដល់​ជំនួយ ជួយ​អ្នកផ្សព្វផ្សាយសាសនា​ឲ្យ​មាន​សុវត្ថិភាព និង​រៀបចំ​សម្រាប់​ព្រឹត្តការណ៍​ដែល​នឹង​កើតមាន​នាពេល​ខាងមុខ ។ ជំហាន​ទាំងនេះ​ធ្វើឡើង​អនុលោម​ទៅតាម​ការ​អនុវត្ត​ដ៏ល្អបំផុត ឬ​ការដឹកនាំ​ដែលបានផ្ដល់​ឲ្យ​ដោយ​អង្គការ​សុខភាព​សាធារណៈ​របស់​រដ្ឋាភិបាល​នៃជាតិសាសន៍​ផ្សេងៗ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា

សាសនាចក្រ​កំពុង​បោះជំហាន​ដើម្បីកាត់បន្ថយ​ចំនួន​អ្នកផ្សព្វផ្សាយសាសនា​នៅក្នុង​តំបន់​ដែល​មាន​កង្វល់ជាពិសេស​អំពី​វីរុស​នេះ ។ ជំហាន​ទាំងនេះ​នឹង​ផ្ដល់នូវភាព​បត់បែន​កាន់តែ​ខ្លាំង​ទៅដល់​ប្រធានបេសកកម្ម​ដើម្បី​ប្រាកដ​ថា​អ្នកផ្សព្វផ្សាយសាសនា​មានសុវត្ថិភាព និង​ប្រសិទ្ធភាព ហើយ​ថា​មាន​កន្លែង​គ្រប់គ្រាន់​ដើម្បី​ដាក់​អ្នក​ផ្សព្វផ្សាយសាសនា បើពួកគេ​ផ្លាស់ចេញ​ពី​ទីក្រុងនានា ដែល​មាន​កង្វល់​ខ្លាំង​អំពី​ការ​ឆ្លងរាលដាលនោះ ។

ជំហានទាំងនេះ​អនុវត្ត​ចំពោះ​បេសកកម្ម​ដូចខាង​ក្រោម ៖

  • ​បេសកកម្ម​ភ្នំពេញ​កម្ពុជា
  • បេសកកម្ម​ហ្វូគូកាជប៉ុន
  • បេសកកម្ម​កូបេ​ជប៉ុន
  • បេសកកម្ម​ណាហ្គូយ៉ា​ជប៉ុន
  • បេសកកម្ម​សាផូរ៉ូជប៉ុន
  • បេសកកម្ម​ខាងជើង​តូក្យូជប៉ុន
  • បេសកកម្ម​ខាងត្បូង​តូក្យូជប៉ុន
  • បេសកកម្ម​បូសានកូរ៉េ
  • បេសកកម្ម​សេអ៊ូល​កូរ៉េ
  • បេសកកម្ម​ខាងត្បូង​សេអ៊ូលកូរ៉េ
  • បេសកកម្ម អ៊ូឡង់បាទ័រ ម៉ុងហ្គោលី
  • បេសកកម្ម​សឹង្ហបុរី
  • បេសកកម្ម​ទីក្រុង​បាំងកក​ប្រទេសថៃ

ប្រទេស​កម្ពុជា កូរ៉េ សឹង្ហបុរី និង​ថៃ ៖ អ្នក​ផ្សព្វផ្សាយសាសនាដែល​ត្រៀម​ចេញបម្រើ​នៅ​បេសកកម្មទាំងនេះ ឬ​ដែល​មក​ពី​ប្រទេស​ទាំងនេះ នឹង​ត្រូវ​ពន្យាពេល​ការ​ចាប់ផ្ដើម ឬ​ទទួល​ការ​ចាត់តាំង​បណ្ដោះអាសន្ន​មួយ ។ បន្ថែមពីលើនោះ គ្រប់អ្នកផ្សព្វផ្សាយសាសនា​បច្ចុប្បន្ន​ដែលកំពុង​បម្រើនៅក្នុង​បេសកកម្មទាំងនេះ ដែល​ជិត​ចប់បេសកកម្ម​របស់​ពួកគេ នឹង​ត្រូវ​ត្រឡប់ទៅផ្ទះវិញ​មុន​ពេលកំណត់ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ទាំងអស់ និង អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​គ្រប់រូប ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ នឹង​ត្រូវ​ត្រឡប់ទៅផ្ទះវិញ ឬ​ចាត់ឲ្យទៅ​បេសកកម្ម​ក្នុង​ប្រទេស​កំណើត​របស់ពួកគេ​វិញ​ជា​បណ្ដោះអាសន្ន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​មួយ​ចំនួន​នឹង​បន្ដ​នៅ​ទ្រទ្រង់​ដល់​បេសកកម្ម​ពី​ចម្ងាយ ។

ជប៉ុន ៖ អ្នក​ផ្សព្វផ្សាយសាសនា​ទាំងអស់​ដែលកំពុង​ត្រៀមខ្លួន​បម្រើ​នៅក្នុង​ប្រទេស​ជប៉ុន​អាច​នឹង​ត្រូវ​ពន្យាពេល​ការ​ចាប់ផ្ដើម​របស់ពួកគេ ឬ​ទទួល​ការ​ចាត់តាំងថ្មី​ជា​​បណ្ដោះអាសន្ន​ ។

ម៉ុងហ្គោលី ៖ អ្នក​ផ្សព្វផ្សាយសាសនា​ទាំងអស់​ដែល​ពុំ​មែនជា​ជនជាតិ​ម៉ុងហ្គោលី នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស​នោះជា​បណ្ដោះអាសន្ន ។ អ្នកទាំងឡាយ​ដែល​កំពុង​ជិត​ដល់​ថ្ងៃ​ដោះលែង នឹង​ត្រឡប់ទៅផ្ទះ​មុនពេលកំណត់ ខណៈ​ដែល​អ្នកដទៃទៀត​នឹង​ទទួល​ការចាត់តាំង​ថ្មី​ជា​បណ្ដោះអាសន្ន ។

អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់​ៗ​ដែល​ត្រឡប់ទៅផ្ទះ​អាច​នឹង​ត្រូវ​សុំ​ឲ្យ​នៅដាក់ដោយឡែក​ពីគេរយៈពេល ១៤ ថ្ងៃ តាមការណែនាំ​មកពី​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិក​គ្រប់គ្រង និងបង្ការ​ជំងឺ ។

អ្នកផ្សព្វផ្សាយសាសនា​ដែល​បន្ដ​នៅក្នុង​ប្រទេស​ទាំងនោះ ត្រូវមានការ​ប្រុងប្រយ័ត្ន​​ដើម្បី​បន្ដ​មាន​សុខភាព​ល្អ រួមមានទាំង​ការ​ស្នាក់នៅក្នុងផ្ទះឲ្យ​ច្រើនបំផុត​តាម​ដែលអាច​ធ្វើទៅបាន ចៀសវាង​ពី​ការ​ប្រាស្រ័យទាក់ទង​ដោយ​ផ្ទាល់ជាមួយ​នឹង​អ្នកដទៃទៀត ហើយព្រមទាំង​បង្រៀន​តាមទូរសព្ទ ឬ​បច្ចេកវិទ្យាដទៃទៀត ។

អ្នក​ផ្សព្វផ្សាយសាសនា​ទាំងអស់ មិនថា​ពួកគេ​កំពុង​បម្រើនៅកន្លែង​ណាទេ ពួកគេ​ត្រូវបាន​រំឭក​ឲ្យ​ធ្វើតាម​ការអនុវត្តផ្នែក​សុខភាព​ជាមូលដ្ឋាន​ដើម្បី​បង្ការ​ជំងឺ ​ចៀសវាង​ពី​ការ​មានជំងឺ ។ វា​សំខាន់​ណាស់​ដើម្បី​កំណត់ចំណាំថា អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ជាទូទៅ មានហានិភ័យទាបក្នុងការ​ឆ្លងវីរូសកូរូណា ។

ការថ្វាយបង្គំនៅក្នុង​ព្រះវិហារបរិសុទ្ធ

មាន​ព្រះវិហារបរិសុទ្ធ​ជាច្រើន​ត្រូវ​បាន​បិទ​ដោយសារ​តែ​កង្វល់​ចំពោះ​អ្នកធ្វើការ និង​អ្នក​មកព្រះវិហារបរិសុទ្ធ ។ អត្រា​អ្នកធ្វើការ និង​អ្នក​មកព្រះវិហារបរិសុទ្ធ​ភាគច្រើន​គឺមនុស្ស​វ័យចំណាស់ ដែល​ភាគរយ​នៃ​ការឆ្លង​​វីរុស​កូរូណា​មាន​អត្រា​ខ្ពស់ ។ ការ​បិទ​ទាំងនេះ​គឺ​ស្របទៅតាម​អនុសាសន៍​មកពី​ភ្នាក់ងារ​សុខភាព​សាធារណៈ​ក្នុង​មូលដ្ឋាន ។ ព្រះវិហារបរិសុទ្ធ​ដូចខាង​ក្រោម​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ៖

  • ព្រះវិហារ​បរិសុទ្ធ តៃប៉ិ តៃវ៉ាន់
  • ព្រះវិហារ​បរិសុទ្ធ សេអ៊ូល កូរ៉េ
  • ព្រះវិហារ​បរិសុទ្ធ ហ្វូគូកា ជប៉ុន
  • ព្រះវិហារ​បរិសុទ្ធ សាប៉ុរុ ជប៉ុន

( ដែលបានបិទពីមុន​មក​សម្រាប់​ការ​ជួសជុល )

  • ព្រះវិហារ​បរិសុទ្ធ ហុងកុង ប្រទេស ចិន
  • ព្រះវិហារ​បរិសុទ្ធ តូក្យូ ជប៉ុន


កម្មវិធី​ថ្វាយបង្គំ

នៅ​ក្រោម​ការ​ដឹកនាំរបស់​គណៈប្រធាន​តំបន់ ភូមិសាស្រ្ត​មួយចំនួន​បាន​ត្រូវ​កំណត់ ឬ​បាន​ផ្អាក​ជាបណ្ដោះអាសន្ន​មិនឲ្យ​សមាជិក​ជួបប្រជុំគ្នា រួមទាំង​ការថ្វាយបង្គំ​នៅ​ថ្ងៃអាទិត្យ​ផងដែរ ។ ទីតាំង​ទាំងនេះ​រួម​មាន​ដូច​ខាង​ក្រោម ៖

  • ហុងកុង
  • ម៉ុងហ្គោលី
  • កូរ៉េ
  • ជប៉ុន

នេះ​រួមមានទាំង​ការ​កាត់បន្ថយ​ការថ្វាយបង្គំ​នៅថ្ងៃអាទិត្យឲ្យ​នៅរយៈពេលខ្លី នៅក្នុង​តំបន់​មួយចំនួន ( មាន​តែ​ការប្រជុំ​សាក្រាម៉ង់​ប៉ុណ្ណោះ ) ឬ​ការលុបចោល​កម្មវិធី​ថ្វាយបង្គំ​នៅ​កន្លែងដទៃទៀត ។ នៅក្នុង​ស្ថានភាព​ជាច្រើន​ដែល​សមាជិក​ពុំ​អាច​ជួបប្រជុំគ្នា​សម្រាប់​ថ្វាយបង្គំ នោះពួកគេ​រៀន បង្រៀន និង​ទទួលទាន​សាក្រាម៉ង់​ជាគ្រួសារ ដូច​បាន​ណែនាំ​ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុងមូលដ្ឋាន ។

ខណៈ​ដែល​សមាជិក​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​ជួបជុំ ហើយ​ប្រាស្រ័យទាក់ទង​នឹង​គ្នា​ទៅវិញទៅមក នោះ​យើង​សុំ​ឲ្យ​ពួកគេ​គិត​ពី​ស្ថានភាព​បច្ចុប្បន្ន ហើយ​គិត​អំពី​សុខភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ ។ អស់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ការ​រីករាល​ដាលវីរ៉ុសខូវីត-១៩ នេះ​ខ្លាំង គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​ផ្ដល់​ឲ្យ​មក​ពី​ភ្នាក់ងារ​សុខាភិបាល​ជាសាធារណៈនៅ​ក្នុង​តំបន់​របស់​ពួកគេ ។ នេះ​អាច​រួម​មានទាំង​ការ​ប្រុងប្រយ័ត្ន ឬ​បម្រាម​យ៉ាង​ខ្លាំង​មិន​ឲ្យ​ធ្វើ​ដំណើរ ឬ​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ ។ សមាជិក​សាសនាចក្រ​គួរ​តែ​អនុលោម​តាម​សេចក្ដីណែនាំ​ទាំងអស់នេះ នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​តំបន់​របស់ពួកគេ ។ អ្នក​ប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​ប្រចាំតំបន់ ត្រូវ​បាន​សុំ​ឲ្យ​ផ្ដល់​ដំបូន្មាន​ទៅកាន់គណៈប្រធាន​តំបន់​ផ្អែក​ទៅលើ​ព័ត៌មាន និង​ការណែនាំ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយភ្នាក់ងារ​សុខាភិបាល​ជាសាធារណៈនៅ​ក្នុង​តំបន់​របស់​ពួកគេ ។​

សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ សូមធ្វើ​ការ​ដោយ​វាងវៃ​ដើម្បី​បន្ដ​រក្សា​សុខភាព​អំឡុង​រដូវ​ដែលមាន​គ្រុនផ្ដាសាយ និង​ផ្ដាសាយធំនេះ ។ ការប្រុងប្រយ័ត្ន​ទាំងនេះ​រួមមាន * ៖ 

·       លាងដៃជាមួយ​នឹង​សាប៊ូ និង​ទឹក ឬ​សម្អាតដៃ​ដោយ​ប្រើ​ទឹកលាងដៃ​ដែលមាន​ជាតិអាកុល​ឲ្យ​បានជាទៀងទាត់ និង​ឲ្យ​បាន​ហ្មត់ចត់ ។ 

·       ចៀសវាង​ពី​ការ​នៅជិត​នឹងអ្នក​​ឈឺ ( នេះ​អាច​រួមមានទាំង​ការ​មិនចាប់ដៃ ឬ​ទម្លាប់ស្វាគមន៍​ដទៃទៀត )។  

·       ចៀសវាង​ពី​ការ​ប៉ះពាល់ភ្នែក ច្រមុះ និង​មាត់ ។ 

·       ស្នាក់នៅក្នុងផ្ទះ​បើអ្នក​ឈឺ ។ 

·       ខ្ទប់មាត់​ដោយ​ក្រដាសជូតមាត់​នៅពេល​អ្នក​ក្អក ឬកណ្ដាស់ បន្ទាប់មក​បោះចោល​ក្រដាស​ជូតមាត់នោះ​ក្នុង​ធុង​សម្រាម ។

·       រក្សា​ចម្ងាយខ្លួន​អ្នកយ៉ាងហោចណាស់ ៣ ហ្វីត ( មួយ​ម៉ែត្រ) ពីអ្នក​ណា​ដែល​មាន​ការ​ក្អក ឬ​កណ្ដាស់ ។ 

·       សម្អាត និង​សម្លាប់មេរោគ​តាម​វត្ថុ និង​ផ្ទៃវត្ថុ​ដែល​ប៉ះពាល់​ជាញឹកញាប់ដោយ​ប្រើ​ទឹក​លាង​សម្អាត​ ឬ​ជូត​សម្អាត​ជា​ទៀងទាត់ ។ 

·       ធ្វើ​តាម​អនុសាសន៍​ភ្នាក់ងារសុខភាព​សាធារណៈដោយ​ការ​ប្រើ​ម៉ាស់ ។

*ផ្អែក​ទៅលើ​អនុសាសន៍​មកពី​អង្គការ​សុខភាពពិភពលោក និង​មជ្ឈមណ្ឌល​សហរដ្ឋ​សម្រាប់​ការគ្រប់គ្រង និងការ​បង្ការជំងឺ 

ថ្នាក់ដឹកនាំ​ក្នុងមូលដ្ឋាន​គួរតែ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ធ្វើតាម​ការណែនាំ​ទាំងនេះ ។ ពួកគាត់​ក៏​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់​ដើម្បី​កំណត់ថា​ ពេល​ណា​គួរ​បោះជំហាន​ទៅមុខទៀត ( ដូចជា​​កំណត់ព្រំដែន ឬ​ការ​លុបចោល​ការ​ប្រជុំ​ក្នុង​សាសនាចក្រ ) ។ ការសម្រេច​ចិត្ត​ទាំងនេះ​គួរ​ធ្វើឡើង​ដោយ​ការ​ពិភាក្សា​ជាមួយ​នឹង​អ្នក​ប្រឹក្សា​ខាងវេជ្ជសាស្ត្រ​ក្នុង​តំបន់ ។ 

 

កម្លាំងការងារ​សាសនាចក្រ            

បុគ្គលិក​សាសនាចក្រ​គួរ​តែ​ធ្វើតាម​ការណែនាំ​ដែល​បាន​ចែងឡើង​នៅ​ខាង​លើ និង​ការ​ដឹកនាំ​ដទៃទៀត​ដែលបាន​ផ្ដល់​ឲ្យ​ដោយ​គណៈប្រធាន​តំបន់ ។

 

សន្និសីទ​ទូទៅ

នៅក្នុង​ការ​ប្រកាស​ថ្មីៗ​មួយ​ទៅកាន់​សមាជិក​សាសនាចក្រ​ទាំងអស់, គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​ការណែនាំ​ថ្មី​សម្រាប់​ការ​ចូលរួម​នៅក្នុង​សន្និសីទទូទៅ ។

ការ​ផ្ដល់​ជំនួយ

ចាប់តាំងពី ការ​បរិច្ចាគ​ដំបូង នូវ​ម៉ាស​ វ៉ែនតា និង​ អាវ​វែងខាង​វេជ្ជសាស្ត្រ​ទៅកាន់​ប្រទេស​ចិន សាសនាចក្រ​បាន​ទទួល​សំណើរ​សុំជំនួយ​ជាច្រើន​ស្រដៀងគ្នានេះ ។ សំណើរ​ទាំងនោះ​ត្រូវ​បាន​វាយតម្លៃ និង​ឆ្លើយតបថា​សាសនាចក្រ​អាច​ធ្វើ​បាន ទោះបី​លទ្ធភាព​របស់​យើង​ក្នុងការ​ផ្គត់ផ្គង់ និង​ការ​បញ្ជូន​ផលិតផល​ទាំងនោះ​មានកម្រិត ដោយសារ​តម្រូវការ​ជាសាកល​សម្រាប់​ធនធានទាំងនោះក្ដី ។

សេចក្ដី​សង្ខេប

យើង​មាន​អំណរគុណ​ចំពោះ​ការ​បង្ហាញ​នូវការ​គាំទ្រ និង​កង្វល់​ជា​ច្រើន​ដែល​បាន​ចែករំលែក ។ សាសនាចក្រ​នឹង​តាមដាន​ការ​វិវត្តន៍​​យ៉ាង​ល្អិតល្អន់ ហើយ​ធ្វើការ​កែសម្រួល​បន្ថែម​តាម​ការ​ចាំបាច់ ។ យើង​បន្ដ​អធិស្ឋាន​ដល់​អស់អ្នកដែល​បាន​រងគ្រោះ​ដោយសារ​វីរុសនេះ ។