​គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​សេចក្ដីណែនាំ​សម្រាប់​ការ​ត្រឡប់​មក​មានការ​ប្រជុំ និង​សកម្មភាព​សាសនាចក្រ​ឡើងវិញដោយ​សុវត្ថិភាព​ 

គណៈប្រធានទីមួយបានផ្ដល់សេចក្ដីណែនាំសម្រាប់ការត្រឡប់មកមានការប្រជុំ និងសកម្មភាពសាសនាចក្រឡើងវិញដោយសុវត្ថិភាព

គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ បាន​អនុញ្ញាត​ឲ្យ​មាន​ការត្រឡប់មក​កាន់​កម្មវិធី​ថ្វាយបង្គំ និងសកម្មភាពខាង​ជំនឿ​ប្រចាំ​សប្ដាហ៍វិញខ្លះៗ​តាម​ដំណាក់កាល ។ ការជូនដំណឹងមួយបានផ្ញើចេញនៅថ្ងៃទី ១៩​ ខែឧសភា ទៅកាន់​ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ក្នុងមូលដ្ឋាន​ទូទាំង​ពិភពលោកថា ការណ៍នេះ​អាច​ត្រូវ​បាន​ធ្វើឡើងបាន តែ​នៅពេល​ច្បាប់​រដ្ឋាភិបាល​ក្នុងស្រុក​អនុញ្ញា​តឲ្យ និង បន្ទាប់ពី​គណៈប្រធាន​តំបន់​ផ្ដល់​នូវការ​ណែនាំ​បន្ថែម​ទៅកាន់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុងមូលដ្ឋាន​តែប៉ុណ្ណោះ ។

មធ្យោបាយ​ជា​ដំណាក់កាលពីរ​នឹង​ត្រូវ​ប្រើប្រាស់ ប៉ុន្តែត្រូវ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាលជានិច្ច ​ដើម្បី​ប្រាកដ​ថា​អស់​អ្នក​ដែល​ចូលរួម​ពាក់ព័ន្ធ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព ។ គំរូ​ខាង​ក្រោម​អាច​នឹង​មាន​ការ​កែសម្រួល​ដោយគណៈប្រធាន​តំបន់​តាម​ដែល​ស្ថានភាព​ក្នុង​ស្រុក​តម្រូវការ ព្រមទាំង​ដូច​ដែល​បាន​អនុមតិ​តាមការទំនាក់ទំនង​របស់​ពួកគាត់​នឹងកូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ និង​គណៈប្រធាន​ចិតសិបនាក់ ។ ប្រធាន​ស្តេក ដោយ​មានការ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព នឹង​កំណត់​អំពី​ពេលវេលា​ជាក់លាក់​សម្រាប់​ការមានការប្រជុំ និង​សកម្មភាព​ជា​ថ្មី​ម្ដងទៀត ។

កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក ៖ ដំណាក់កាលទី ១

ការ​ប្រជុំ​ខ្លី​នៅ​ក្នុង​សាលាប្រជុំ​ដែលមាន​មនុស្ស​ចូលរួម​ដល់ទៅ ៩៩ នាក់ ត្រូវ​ធ្វើតាម​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ។

ការប្រជុំ និង​សកម្មភាព​ដទៃទៀត ( រួមមានទាំង​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យសព ) ៖ ដំណាក់កាលទី ១

ការ​ប្រជុំ​ខ្លី ត្រូវធ្វើតាម​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន ឬ​អាច​នឹង​ធ្វើឡើង​តាម​បច្ចេក​វិទ្យា​មើលពីចម្ងាយ ។

កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក ៖ ដំណាក់កាលទី 2

ការ​ប្រជុំ​នៅ​ក្នុង​សាលាប្រជុំ​ដែលមាន​មនុស្ស ១០០ នាក់ ឬច្រើនជាងនោះ សូម​ធ្វើតាម​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន ។

ការប្រជុំ និង​សកម្មភាព​ដទៃទៀត​ ៖ ដំណាក់កាលទី 2

ការ​ប្រជុំ​នៅ​សាលាប្រជុំ អាច​នឹង​ធ្វើឡើង​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន ។

គណៈ​ប្រធាន​ទី​មួយ​មាន​ប្រសាសន៍​ថា ៖ « យើង​មានអំណរគុណ​ចំពោះ​សេចក្ដីជំនឿ​របស់​សមាជិក​យើង នៅពេល​ពួកគេ​បាន​ថ្វាយបង្គំ​នៅក្នុងផ្ទះ និង​មានអំណរគុណ​ចំពោះ​ពរជ័យ​នានា​ដែល​នឹង​កើតមាន​មក នៅពេល​យើង​ជួបជុំគ្នា​ថ្វាយបង្គំ និង​មាន​សកម្មភាព​ទាំងឡាយ » ។

សេចក្តីណែនាំ​ទូទៅ​

ថ្នាក់ដឹកនាំ​សាសនាចក្រ ត្រូវ​បាន​ណែនាំ​ឲ្យ​ពិគ្រោះគ្នា​អំពី​លិខិត​របស់​គណៈប្រធានទីមួយ​ចុះ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ « គោលការណ៍​គ្រប់គ្រង​នៅក្នុង​គ្រា​មាន​ឧបសគ្គ » និង​ឯកសារ​ភ្ជាប់​ពីរ​ទៀត ( សូមមើល​នៅ​ត្រង់នេះ និង​ត្រង់នេះ ) ។ ពួកគេ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិចារណា​​អំពី​គោលការណ៍ និង​ការណែនាំ​បន្ថែមទាំងនេះ ដើម្បី​បន្ដ​ការពារ​ពីការរាតត្បាត​នៃ​កូវីត ១៩ ៖

  • សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅក្នុងការការពារ​ដល់​សុខភាព និង​សុវត្ថិភាព​របស់​សមាជិក ។ សូម​យកចិត្តទុកដាក់ជាពិសេស​ចំពោះ​សមាជិក​ដែល​មាន​សុខភាព ឬ​វ័យ​ដែល​ប្រឈមនឹង​​ហានិភ័យ​ខ្ពស់ ។
  • សូម​ផ្ដល់​ដំបូន្មាន​ដល់​បុគ្គល​ម្នាក់ៗ​ដែល​ពុំ​មាន​សុខភាព​ល្អ ឬ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកពីគេ ឬ​ដែល​បង្ហាញ​ថា​មាន​រោគ​សញ្ញា​ដូចតទៅនេះ ថា​ពួកគេ​ពុំ​គួរ​ចូលរួម​ការ​ប្រជុំ​ឡើយ ដូចជា ៖ ក្ដៅខ្លួន ក្អក ដកដង្ហើម​ហត់ៗ ឈឺក្បាល ហៀរសំបោរ ឬ​ឈឺបំពង់ក ។
  • សូម​ធ្វើតាម​ការ​អនុវត្ត​ឲ្យ​នៅគម្លាត​គ្នា ការលាងដៃ និង​ការ​អនុវត្ត​ផ្សេងៗ​ទៀត​ដែល​ពិពណ៌នា​នៅក្នុង « រង្វាស់​នៃការការពារ​សម្រាប់​សមាជិក » ។
  • សូម​ធ្វើ​តាម​ច្បាប់​រដ្ឋាភិបាល​ក្នុង​ទីតាំង​នីមួយៗ​ទាក់ទង​ទៅនឹង​ការ​ជួបជុំ​ជាសាធារណៈ រួមទាំង​ទំហំ​នៃ​ការ​ជួបជុំ ភាពញឹកញាប់ និង​រយៈពេល ។ សូម​អនុវត្តតាម​ច្បាប់​រដ្ឋាភិបាល ។
  • សូម​ត្រឡប់​ម​ក​កាន់​ការ​អនុវត្ត​ជា​ទៀងទាត់​របស់​យើងដោយ​សន្សឹមៗ បន្ដ​ដំណើរការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ខណៈ​ដែល​ការ​ជួបដោយផ្ទាល់​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដូច​បាន​ពិពណ៌នា​ដូច​ខាងក្រោម ។ អាទិភាព​សម្រាប់​ការជួបជុំ​ដោយ​ផ្ទាល់ គួរ​តែ​ផ្ដល់​ឲ្យ​ចំពោះការ​ប្រជុំ​ដែល​ពិធីការ​ត្រូវធ្វើឡើង ដូចជាពិធីបុណ្យជ្រមុជទឹក និង​ការ​ប្រជុំ​សាក្រាម៉ង់។

សេចក្ដីជូនដំណឹង​ទៅកាន់​ថ្នាក់ដឹកនាំ​ផ្ដល់​នូវ​ការ​ណែនាំ​បន្ថែម​អំពី​ការនៅ​គម្លាត​ពីគ្នា អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេល​សមាជិក​កាន់តែ​ច្រើន​ចង់​ចូលរួម​ក្នុង​ការ​ប្រជុំ របៀប​ដើម្បី​គ្រប់គ្រង​ពហុក្រុមជំនុំ​នៅ​ក្នុង​សាលាប្រជុំ ទម្រង់ការ​អនាម័យ​ត្រឹមត្រូវ ការ​ធ្វើ​ពិធី​សាក្រាម៉ង់​ដោយសុវត្ថិភាព និង​អ្វីៗជាច្រើនទៀត ។​ សូម​អាន​ព័ត៌មាន​លម្អិត​នៅក្នុង​សេចក្ដីជូនដំណឹង​ទាំងស្រុង ។